មកដឹងពីគោលដៅទិញចូលជាច្រើនរបស់លោក Ratcliffe ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ
ប្រធានផ្នែកប្រតិបត្តិការកីឡាថ្មីរបស់ក្រុមបិសាចក្រហម Manchester United លោក Sir Jim Ratcliffe បានបង្ហាញពីគម្រោងដ៏សំខាន់របស់គាត់ក្នុងការទិញកីឡាករថ្មីៗជាច្រើននៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ បន្ទាប់ពីបានសន្យាវិនិយោគលើក្រុមក្រោយពេលទិញយកបានភាគហ៊ុនសរុប ២៧.៧% នាចុងឆ្នាំ ២០២៣ កន្លងទៅ ។ តាមប្រភពពី The Telegraph បានឲ្យដឹងថា ការស្វែងរកកីឡាករលេងក្នុងតំណែងការពារគឺជាអាទិភាពរបស់លោក Ratcliffe ស្របពេលកុងត្រារបស់អតីតខ្សែការពារ Real Madrid គឺ Raphael Varane នឹងផុតកំណត់នៅឆ្នាំក្រោយ ស្របពេលអនាគតរបស់ Harry Maguire, Jonny Evans និង Victor Lindelof នៅតែជាមន្ទឹលមិនទាន់ច្បាស់ការ រីឯ Jarrad Branthwaite របស់ Everton និង Marc Guehi របស់ Crystal Palace ត្រូវបានរំពឹងថាជាគោលដៅទិញចូលរបស់ United ដែលអាចមានតម្លៃលើសពី 50 លានផោនសម្រាប់កីឡាករម្នាក់ៗ។ ក្រៅពីនោះលោក Ratcliffe ក៏ចង់វិនិយោគលើតំណែងខ្សែការពារស្លាបស្ដាំផងដែរ ទោះបីបច្ចុប្បន្នក្លិប មាន Diogo Dalot និង Aaron Wan-Bissaka ប្រជែងគ្នាលើតំណែងនេះ តែចំពោះ Wan-Bissaka គឺរូបគេនៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយក៏មានពាក្យចចាមអារ៉ាមជាច្រើនថារូបគេអាចនឹងត្រឡប់ទៅលេងឲ្យអតីតក្លិបរបស់ខ្លួនគឺ Crystal Palace វិញផងដែរ ។ ជាងនេះទៀតតំណែងខ្សែប្រយុទ្ធថ្មីមួយរូបទៀតក៏ត្រូវបានដាក់ក្នុងបញ្ជីទិញចូលរបស់ United ផងដែរទោះបីជា Rasmus Hojlund ដែលទិញចូលក្នុងតម្លៃ 72 លានផោននាដើមរដូវកាលនេះ មានទម្រង់លេងល្អតាំងពីចូលរួមជាមួយក្លិប ក៏ប៉ុន្តែលោក Ratcliffe នៅតែចង់ស្វែងរកកីឡាករម្នាក់ទៀតនៅតំបន់ខាងលើដើម្បីប្រកួតប្រជែងឱ្យសមត្ថភាពរបស់ Hojlund កាន់តែកើនឡើងជាងពេលបច្ចុប្បន្ន ៕